អារម្មណ៍មួយ...
- By: A Girl Who Cares
- Nov 22, 2017
- 1 min read
ធ្លាប់ទេនៅសុខៗទឹកភ្នែកក៏ស្រក់ចុះ... ធ្លាប់ទេសុខៗក៏មានអារម្មណ៍ថាខ្លួនជាចំណែកលើសក្នុងជីវិតនរណាម្នាក់ ក៏ព្រោះតែវត្តមានរបស់អ្នកគឺជាការរំខានមួយដែលបំផ្លាញសេចក្តីសុខរបស់គេ។ ធ្លាប់គិតទេ ថាជីវិតមួយនេះមិនដែលគិតថានឹងត្រូវការវត្តមានរបស់នរណាម្នាក់ដើម្បីរស់ ដើម្បីរីករាយនោះទេ... រហូតដល់ថ្ងៃមួយគេក៏ចូលមកក្នុងជីវិតមួយនេះ គេបានផ្លាស់ប្តូរនូវទម្លាប់រស់នៅរបស់អ្នកពីមនុស្សម្នាក់ដែលមិនដែលអើពើនឹងវត្តមានរបស់នរណាម្នាក់ឡើយ តែសម្រាប់គេអ្នកក៏ផ្លាស់ប្តូរមកចេះខ្វាយខ្វល់ពីសុខទុក្ខគេ មកចេះបារម្ភពីគេ ជាពិសេសគ្រប់ពេលដែលមានវត្តមានគេនៅក្បែរអ្នក..ស្នាមញញឹមក៏កើតឡើង។ ពីមនុស្សម្នាក់ដែលគ្មានជំនឿលើសេចក្តីស្រឡាញ់ ក៏ចាប់ផ្តើមបើកចិត្តស្វែងយល់ពីគ្នាទៅវិញទៅមក រហូតយល់ថានិស្ស័យពិតជាមាន និស្ស័យបណ្តាលឲ្យមនុស្សពីរនាក់បានស្គាល់គ្នា ទោះក្នុងកាលៈទេសៈបែបណាពេលវេលាយូរប៉ុណ្ណាក៏អ្នកទាំងពីរអាចជួបគ្នា និងបន្តស្វែងយល់ពីគ្នាបានល្អដល់កម្រិតនេះ។ អ្នក និងគេសុទ្ធតែដឹងពីអតីតកាល ចំណុចវិជ្ជមាន និងអវិជ្ជមានរបស់គ្នាទៅវិញទៅមកហើយក៏ព្រមទទួល និងតែងព្យាយាមកែលម្អគ្នាពីមួយថ្ងៃទៅមួយថ្ងៃ..
យូរៗទៅទំនាក់ទំនងមួយនេះក៏លើសពីពាក្យថាមិត្តភាព ក៏ព្រោះតែទង្វើល្អៗ ការយកចិត្តទុកដាក់ និងការបារម្ភពីគ្នាគឺលើសពីពាក្យថាមិត្ត... មិនដឹងថាចាប់ផ្តើមពីពេលណា ដឹងត្រឹមថាអ្នកស្រឡាញ់គេ....
ប៉ុន្តែ អ្វីគ្រប់យ៉ាងក៏បានត្រឡប់ទៅរកសភាពដើមវិញ សម្លេងដែលតែងណែនាំ រអ៊ូ និងប្រាប់អោយអ្នកថែសុខភាព សម្លេងដែលអ្នកធ្លាប់លឺក៏ប្រែជាស្ងប់ស្ងាត់ អ្វីគ្រប់យ៉ាងជុំវិញខ្លួនអ្នកក៏ប្រែជាងងឹតសូន្យឈឹង.... សម្លេងសារដែលធ្លាប់តែទទួលបាន សម្លេងទូរស័ព្ទដែលធ្លាប់តែបន្លឺឡើងក៏ប្រែជាស្ងាត់ឈឹង។

អ្នកបារម្ភណាស់ អ្នកខ្វាយខ្វល់ពីគេគ្រប់ពេល ចង់ដឹងពីសុខទុក្ខគេ ហើយជាពិសេសអ្នកព្យាយាមស្វែងយល់ពីហេតុផលដែលគេសម្រេចចិត្តធ្វើបែបនេះ... អ្នកព្យាយាមកាន់តែខ្លាំង ទឹកភ្នែករាប់ពាន់ដំណក់ក៏ស្រក់មកផ្ទួនៗ... អ្នកជូតទឹកភ្នែកបណ្តើរស្តីបន្ទោសខ្លួនឯងបណ្តើរ ហេតុអីអ្នកក្លាយជាមនុស្សម្នាក់ដែលទន់ខ្សោយបែបនេះ? ក្រែងធ្លាប់ប្រាប់ខ្លួនឯងហើយមែនទេថានឹងមិនយំ ថានឹងមិនទន់ជ្រាយដើម្បីនរណាម្នាក់ និងរឹតតែមិនឲ្យនរណាម្នាក់ឃើញទឹកភ្នែកអ្នកទៀតទេ..?? ចុះពេលនេះ??
ការឈឺចាប់ដែលគ្មានសម្លេង ការឈឺចាប់ដែលគ្មានអ្នកយល់ ក៏ព្រោះតែអ្នកតែងសម្តែងធ្វើជាមនុស្សស្រីម្នាក់ដែលរឹងមាំ ដូចនេះទឺកភ្នែកទាំងនេះក៏គ្មានតម្លៃគ្រប់គ្រាន់អោយនរណាម្នាក់មកខ្វល់ជាមួយអ្នកដែរ... ហើយគេក៏មិនបានមកខ្វល់ពីទឺកភ្នែកអ្នកដែលកំពុងស្រក់ចុះពេលនេះដែរ។
អារម្មណ៍មួយដែលអ្នកព្យាយាមចូលជិតគេ ព្យាយាមកាន់ដៃគេយ៉ាងណែនទោះដឹងថាគេព្យាយាមលែងដៃមួយនេះ.... អ្នកត្រឹមចង់ធ្វើជាស្មាមួយឲ្យគេផ្អែក ធ្វើជាមនុស្សម្នាក់ដែលនៅក្បែរគេគ្រប់កាលៈទេសៈទាំងអស់ ព្រោះអ្នកជឿថាគេជាមនុស្សម្នាក់ដែលមានហេតុផល ហើយជាពិសេសអ្នកយល់ច្បាស់ពីការស្រឡាញ់នរណាម្នាក់ ដែលមិនមែនត្រឹមតែក្បែរគេពេលគេរីករាយនោះទេ តែអ្វីដែលអ្នកទទួលបានគឺការបដិសេធ ការរុញច្រានមួយឲ្យឆ្ងាយពីជីវិតគេ។
អារម្មណ៍មួយដែលអ្នកនៅតែរំពឹងថាអ្វីគ្រប់យ៉ាងត្រឹមជាសុបិន្តអាក្រក់មួយជាមួយនឹងក្តីសង្ឃឹមថា អ្នកនិងគេនឹងភ្ញាក់ពីសុបិន្តដ៏អាក្រក់នេះឆាប់ៗ...
អារម្មណ៍មួយដែលអ្នកនៅតែជឿជាក់ថាគេមិនមែនជាមនុស្សម្នាក់ដូចអ្នកទាំងឡាយដែលអ្នកធ្លាប់ស្គាល់នោះទេ គេជាមនុស្សល្អ គេមានហេតុផលមួយដែលគ្មានអ្នកណាម្នាក់អាចយល់បានក្រៅពីអ្នក... ជាពិសេសកម្លាំងចិត្តមួយដែលអ្នកអាចផ្តល់ឲ្យគេគ្រប់ពេលដែលគេត្រូវការ...
អារម្មណ៍មួយដែលអ្នកនៅតែរង់ចាំអភូតហេតុមួយដែលអ្នកជឿថាវានឹងអាចកើតឡើងរវាងអ្នកទាំងពីរ និស្ស័យមួយនោះនឹងអាចបន្តទៅមុខទៀត...
ប៉ុន្តែ ស្របពេលនោះអ្នកក៏អស់សង្ឃឹមម្តងហើយម្តងទៀត ក៏ព្រោះតែអ្នកដឹងថាអ្នកត្រឹមជាចំណែកលើសក្នុងជីវិតគេ វត្តមានអ្នកមិនបានផ្តល់ភាពរីករាយពិតប្រាកដមួយដល់គេឡើយ តែត្រឹមភាពរំខាន... ដូចនេះតើអវត្តមានអ្នកនឹងផ្តល់នូវស្នាមញញឹមមួយដែលស្រស់ស្អាតសម្រាប់គេមែនទេ?
Comments