បើថ្ងៃណាមួយ...
- A Girl Who Cares
- Nov 28, 2017
- 1 min read
ចាំទេ? ប៉ុន្មានដងដែលអ្នកតែងតែធុញទ្រាន់ចំពោះសម្លេងទូរស័ព្ទបន្លឺឡើងដែលនាងតែងខលទៅអ្នក? ចាំទេ? ប៉ុន្មានដងដែលអ្នកតែង online តែមិនដែលអើពើនឹងឆ្លើយតបសារដែលនាងផ្ញើរទៅអ្នក? ចាំទេ? ប៉ុន្មានដងដែលអ្នកតែងតែបណ្តេញនាងចេញពីជីវិតអ្នក បើទោះជាអ្នកបានដឹងហើយថាទឺកភ្នែកនាងកំពុងស្រក់អង្វរអ្នកកុំឲ្យធ្វើបែបនេះ? ហើយចាំបានដែរទេ ប៉ុន្មានដងដែលអ្នកដែលតែងប្រាប់ឲ្យនាងបើកចិត្តទទួលយកអ្នកផ្សេងដែលល្អជាងអ្នកទាំងដែលអ្នកដឹងថាសម្រាប់នាងអ្នកគឺជាមនុស្សប្រុសម្នាក់ដែលល្អបំផុត?
ការឈឺចាប់មួយដែលអ្នកគ្មានថ្ងៃយល់ ប្រហែលជាការឈឺចាប់មួយដែលទីបំផុតនាងដឹងថាអ្វីគ្រប់យ៉ាងកន្លងមកត្រឹមជាសុបិន្តដែលនាងលង់លក់ម្នាក់ឯង...

នាងក៏ដឹងថាអ្វីគ្រប់យ៉ាងដែលនាងខិតខំកន្លងមកបានត្រឹមពាក្យថានាងជាមេរំខាន ដែលអ្នកតែងប្រាថ្នាឲ្យរលាយបាត់ពីក្នុងជីវិតអ្នក... ហើយនាងរឹតតែដឹងច្បាស់ថាសំដីគ្រប់ម៉ាត់ដែលអ្នកធ្លាប់ប្រាប់នាង អ្វីដែលអ្នកបាននិយាយជាមួយនាងកន្លងមកគឺត្រឹមជាពាក្យឲ្យនាងសប្បាយចិត្តមួយគ្រាប៉ុណ្ណោះ។
នាងមិនដែលប្រាថ្នាឲ្យអ្នកគិតថានាងជាចំណែកនៃភាពរីករាយក្នុងចិត្តអ្នកនោះទេ តែមានសំណូមពរតែមួយគត់គឺសូមកុំប្រៀបធៀបនាងទៅនឹងមនុស្សស្រីដែលអ្នកធ្លាប់ស្គាល់ ព្រោះគេគឺជាគេ ហើយនាងគឺជានាង។ គេធ្លាប់មើលងាយក្តីស្រឡាញ់អ្នក តែមិនមែនមានន័យថានាងក៏ដូចអ្នកទាំងនោះទេ... មិនមែនមនុស្សស្រីគ្រប់គ្នាសុទ្ធតែដូចគ្នានោះទេ។ អាចទេ មើលមកនាងក្នុងផ្លូវវិជ្ជមានខ្លះ?
អ្នកមានសិទ្ធិក្នុងការមើលរំលងក្តីស្រឡាញ់មួយនេះ តែអ្នកគ្មានសិទ្ធិដេញនាងឲ្យទៅស្រឡាញ់អ្នកផ្សេងនោះទេ ព្រោះក្តីស្រឡាញ់មិនមែនជាការបង្គាប់បញ្ជារឡើយ។
ប្រសិនបើថ្ងៃណាមួយ ស្រីល្ងង់ម្នាក់នេះលែងមានវត្តមាននៅក្នុងជីវិតអ្នក មិនមែនមានន័យថានាងឈប់ស្រឡាញ់អ្នកនោះទេ ហើយក៏មិនមែនមកពីនាងសម្រេចចិត្តជ្រើសរើសយកអ្នកផ្សេងដូចដែលអ្នកប៉ងប្រាថ្នានោះដែរ តែក៏ព្រោះតែនាងមិនអាចបន្តឈរនៅទីនេះមើលភាពព្រងើយកន្តើយរបស់អ្នកចំពោះនាងតទៅទៀត... ក៏ព្រោះតែនាងអស់លទ្ធភាពក្នុងការស្រឡាញ់អ្នក... មិនថាទឹកភ្នែកនាងស្រក់ដើម្បីអ្នកប៉ុណ្ណា ក៏អ្នកមិនដែលខ្វល់មិនដែលអើពើ។ ដូច្នេះសង្ឃឹមថានេះជាការសម្រេចចិត្តមួយដែលផ្តល់នូវស្នាមញញឹមដ៏ពេញលេញសម្រាប់មនុស្សដែលនាងស្រឡាញ់។ ទីបំផុតនាងក៏ព្រមទទួលស្គាល់ការពិត គឺការពិតដែលនាងមិនមែនជាចំណែកដ៏សំខាន់មួយក្នុងជីវិតអ្នកនោះទេ ប៉ុន្តែត្រូវចាំថាអ្នកធ្លាប់ជា និងនៅតែជាចំណែកដ៏សំខាន់មួយសម្រាប់ជីវិតនាងមិនថាពីមុន ពេលនេះ ឬពេលណានោះទេ បើទោះបីថ្ងៃណាមួយនាងក្លាយជាអតីតកាលចំពោះអ្នកក៏ដោយ។
សូមទោសណាដែលនាងមិនបាននៅរអ៊ូរទាំដាក់អ្នក ដែលមិនបាននៅរំខានអ្នកដូចដែលនាងធ្លាប់ធ្វើកន្លងមក។ ថែខ្លួនណា... ត្រូវចាំថានាងតែងតែជឿជាក់លើសមត្ថភាពអ្នក និងគាំទ្ររាល់ការសម្រេចចិត្តរបស់អ្នកមិនថាអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវចាំថាដៃមួយគូរនេះនឹងឈោងចាប់អ្នកគ្រប់ពេលដែលអ្នកយល់ថាពិភពលោកនេះបោះបង់អ្នកចោល។ នាងនឹងឈរនៅទីនេះ ពីជ្រុងម្ខាងនេះរង់ចាំអបអរនូវភាពជោគជ័យរបស់អ្នកពីចម្ងាយក៏ព្រោះតែនាងដឹងច្បាស់ថាអ្នកប្រាកដជាធ្វើវាបាន អ្នកប្រាកដជាសម្រេចគោលដៅជីវិតរបស់អ្នកបាន។ នែ..! ត្រូវញញឹមឲ្យបានច្រើនណា កុំកើតទុក្ខច្រើនពេកព្រោះអ្នកមិនដឹងទេថាស្នាមញញឹមអ្នកអាចធ្វើឲ្យពិភពលោកនេះប្រែជាស្រស់បំព្រងបាន។ :)
ពីនារីម្នាក់ដែលស្រឡាញ់អ្នក
Commentaires