អតីតកាល
- By: A Girl Who Cares
- Nov 29, 2017
- 1 min read
អតីតកាល.. ត្រឹមជាពាក្យដ៏សាមញ្ញមួយតែវាអាចនឹងមានន័យច្រើនសម្រាប់មនុស្សគ្រប់គ្នា។ មិនថាអតីតកាលដែលយើងធ្លាប់ឆ្លងកាត់នោះល្អ ឬអាក្រក់តែវាក៏បានបន្សល់នូវស្លាកស្នាមមួយដែលគ្មាននរណាអាចមើលឃើញថាវាមានទំហំប៉ុណ្ណាក្រៅពីខ្លួនយើងផ្ទាល់។
យើងអាចនឹងកុហកអ្នកគ្រប់គ្នាថាយើងបានបំភ្លេចនូវរាល់អតីតកាលឈឺចាប់ទាំងនោះ តែយើងមិនអាចកុហកខ្លួនឯងបានទេថាគ្រប់រូបភាព និងសំដីគ្រប់ម៉ាត់គឺស្ថិតក្នុងការចងចាំមួយនេះរហូត។ វាមិនមែនជារឿងចម្លែកនោះទេ ដែលមនុស្សគ្រប់គ្នាមានអតីតកាលដែលធ្លាប់ឆ្លងកាត់រៀងៗខ្លួនហើយរឹតតែមិនចម្លែកដែលគ្មាននរណាម្នាក់អាចលុបចោលនូវអ្វីគ្រប់យ៉ាងដែលផ្តល់នូវអារម្មណ៍នៃការចងចាំមួយមិនថាជាអារម្មណ៍សប្បាយ រំភើប ឈឺចាប់ ឬក្តីស្រម៉ៃទៅថ្ងៃអនាគតដែលបានគូសវាសជាមួយគ្នាបើទោះវាត្រឹមជាការស្រមើស្រម៉ៃមួយពេលឬសុភមង្គលមួយប៉ព្រិចភ្នែកក៏ដោយ..។
បើយើងមានអារម្មណ៍ថាលំបាកខ្លាំងគ្រប់ពេលព្យាយាមបំភ្លេចអតីតកាលទាំងនោះ ចុះហេតុអីយើងមិនព្យាយាមចងចាំវាវិញ? ដែលនិយាយពីការចងចាំវានេះ មិនមែនសំដៅដល់ការអោបក្រសោបនូវអតីតកាលដែលធ្លាប់ធ្វើឲ្យជីវិតយើងរស់នៅដូចស្លាប់នោះទេ តែជាការចងចាំនូវរាល់ទង្វើ និងអារម្មណ៍ល្អៗដែលយើងធ្លាប់ផ្តល់ឲ្យគ្នាទៅវិញទៅមក.. មិនថាចំពោះមិត្តភាពក្លែងក្លាយ ទំនាក់ទំនងស្នេហាដែលប្រេះស្រាំ ឬការសេពគប់មនុស្សខុសនោះឡើយ ក្នុងនោះរមែងមានពេលវេលាល្អៗរួមគ្នា។ សាកគិតបន្តិចទៅមើលថាគ្រប់អតីតកាលមិនថាល្អឬអាក្រក់នោះទេគឺសុទ្ធតែបានបង្រៀនយើងនូវមេរៀនជីវិតដែលគ្រប់មេរៀន គ្រប់ទំព័រសុទ្ធតែខុសប្លែកពីគ្នា ហើយវាគឺជាមេរៀនមួយដែលមានតម្លៃបំផុតដែលគ្មានសាលាណាទទួលបង្រៀនយើងនោះឡើយ។
លើសពីនេះ វាគឺជាចំណែកមួយនៃភាពរឹងមាំរបស់យើងនៅពេលនេះបើយើងមិនធ្លាប់ឆ្លងកាត់អតីតកាលទាំងនោះដែលផ្តល់នូវមេរៀនដ៏ជូរចត់ដល់យើងទេ យើងក៏ប្រហែលគ្មានថ្ងៃដឹងថាពេលដែលដួលហើយត្រូវក្រោកឈរវិញដោយរបៀបណានោះឡើយ.. ហើយយើងរឹតតែមិនអាចយល់ច្បាស់ពីនិយមន័យនៃពាក្យថាស្រឡាញ់ និងផ្តល់តម្លៃដល់ខ្លួនឯងមានន័យយ៉ាងណានោះដែរ។ ...ក៏ព្រោះតែយើងមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្វិលពេលវេលាថយក្រោយក្នុងការជ្រើសរើសមិនឲ្យនរណាម្នាក់ចូលក្នុងជីវិតយើងនោះឡើយ តែយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសចងចាំ និងនឹកនានូវអ្វីៗដែលល្អសម្រាប់ខួរក្បាលមួយនេះ។

ទទួលស្គាល់ការពិតបានទេ ថាអ្វីគ្រប់យ៉ាងបានប្រែប្រួលគ្រប់រូបភាពនៃការចងចាំទាំងអស់ពេលនេះគឺស្ថិតនៅក្នុងប្រអប់មួយបិទជិតដែលយើងអោយឈ្មោះថាជា
“ប្រអប់នៃអតីតកាល”។ បើថ្ងៃណាមួយយើងមានអារម្មណ៍ថានឹករឿងកន្លងក៏បើកប្រអប់នោះមើលទៅ.. តែសូមមើលដោយស្នាមញញឹមនៃភាពរឹងមាំ មិនមែនទឹកភ្នែកនៃភាពឈឺចាប់ជាមួយវានោះទេ។ មានហេតុផលអីដែលយើងចាំបាច់ធ្វើបាបខ្លួនឲ្យបំភ្លេចនូវរឿងដែលយើងចង់ចងចាំ? សាកគិតបន្តិចទៅមើលថាបើទោះជាគេបានចូលមកក្នុងជីវិតយើងត្រឹមរយះពេលដ៏ខ្លីមួយ ហើយចាកចេញទៅវិញដោយមិនសូម្បីនិយាយពាក្យថាលាតែគេក៏បានបង្រៀនយើងពីមេរៀនល្អៗជាច្រើន..នោះគឺមេរៀនជីវិត។ គួរតែអរគុណគេវិញល្អទេព្រោះបើគ្មានគេយើងក៏មិនបានដឹងថាយើងនឹងអាចរឹងមាំបានដល់កម្រិតនេះដែរ បើគ្មានគេយើងក៏ប្រហែលមិនទាន់រៀនចេះស្រឡាញ់ខ្លួនឯង ឬរៀនចេះថែរក្សារបស់នៅចំពោះមុខយើងនៅឡើយទេ។
ចូរញញឹមជាមួយអ្វីដែលអ្នកបានឆ្លងកាត់មក ប្រសើរជាងបន្ទោសខ្លួនឯងនូវអ្វីដែលអ្នកដឹងច្បាស់ថាមិនអាចកែប្រែបាន។ គ្រប់អតីតកាលសុទ្ធតែមានស្លាកស្នាមមិនថាជម្រៅនៃការមុតនោះជ្រៅកម្រិតណាតែវាក៏ធ្លាប់បានផ្តល់នូវការចងចាំមួយដល់យើងប្រៀបដូចការពាក់ចិញ្ចៀនមួយដែលនៅពេលយើងដោះវាចេញភ្លាមវានឹងបន្សល់នូវស្នាមពណ៍សមួយឆ្នូត ហើយវាត្រូវការពេលវេលាដើម្បីឲ្យស្នាមនោះរលុបបាត់បន្តិចម្តងៗ ឬវាត្រូវការពេលវេលាក្នុងការផ្ទេរស្នាមនោះទុកក្នុងប្រអប់អតីតកាលដែលវានឹងស្ថិតក្បែរខ្លួនយើងជារៀងរហូត។
ចូរចងចាំថាអ្នកកំពុងរស់នៅជាមួយនឹងបច្ចុប្បន្នកាល ដូចនេះចូររីករាយនូវអ្វីដែលអ្នកមានក្នុងពេលនេះ ជាពិសេសផ្តល់តម្លៃដល់មនុស្សដែលនៅក្បែរខ្លួនអ្នក...កុំរង់ចាំដល់អ្វីៗក្លាយជាចំណែកមួយទៀតនៃការចងចាំរបស់អ្នកទើបនិយាយពាក្យថាស្តាយក្រោយ។
Comments