សោកស្តាយ
- By: A Girl Who Cares
- May 17, 2018
- 1 min read
ធ្លាប់មានអារម្មណ៍សោកស្តាយអ្វីមួយក្នុងឆាកជីវិតនេះទេ? មិនថាជាការសោកស្តាយដែល
ជ្រើសរើសរៀនខុសមុខជំនាញដែលខ្លួនពេញចិត្ត ការសោកស្តាយដែលសេពគប់មិត្តភ័ក្តមិនល្អ សោកស្តាយដែលខ្ជះខ្ជាយពេលវេលាយុវវ័យរបស់អ្នកជាច្រើនឆ្នាំដោយគ្មានប្រយោជន៍ សោកស្តាយដែលមិនបានថែរក្សាមនុស្សល្អៗនៅក្បែរខ្លួនរហូតដល់ថ្ងៃមួយដែលអវត្តមានគេ បានជះឥទ្ធិពលដល់ជីវិតអ្នក ឬការសោកស្តាយដែលសម្រេចចិត្តខុសជ្រើសរើសយកមនុស្ស ម្នាក់មកស្ថិតនៅក្នុងជីវិតដ៏ស្រស់បំព្រងរបស់អ្នក??

មិនថាក្នុងលក្ខខណ្ឌណាមួយក៏ដោយ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកសាកបិទភ្នែកហើយគិតបន្តិច
ថាតើអ្នកបានឆ្លងកាត់រឿងអ្វីខ្លះកន្លងមក? ក្នុងចំណោមរឿងទាំងនោះតើមានទង្វើ ណាមួយធ្វើឲ្យអ្នកមានអារម្មណ៍ថាសោកស្តាយខ្លាំងទេ? ចុះប្រសិនបើអ្នកអាចត្រឡប់ ទៅប៉ះប៉ូវអ្វីគ្រប់យ៉ាងនៅគ្រានោះតើអ្នកយល់យ៉ាងណាដែរ?
ចុះអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សភាគច្រើនតែងសោកស្តាយនូវទង្វើដែលខ្លួនបានធ្វើនៅ ពេលដែលរឿងគ្រប់យ៉ាងប្រែក្លាយពីបច្ចុប្បន្នទៅជាអតីតកាល? តែផ្ទុយទៅវិញមានមនុស្ស មិនច្រើនទេដែលព្យាយាមចាប់យកឱកាសដែលខ្លួនមាននៅចំពោះមុខជំនួសឲ្យភាពស្តាយក្រោយនៅថ្ងៃបន្ទាប់? ចំពោះរឿងមនោសញ្ចេតនាវិញមានមនុស្សជាច្រើនដែលសម្រេចចិត្ត បោះបង់ឱកាសដើម្បីបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនទៅដល់មនុស្សដែលគេស្រឡាញ់ហើយក៏មានមនុស្សជាច្រើនដែលមើលរំលងក្តីស្រឡាញ់ដែលភាគីម្ខាងទៀតមានចំពោះខ្លួនដោយសំអាងលើហេតុផលរៀងៗខ្លួនមិនថាហេតុផលនោះជាការពិតឬជាពាក្យប្រឌិតព្រោះតែភាពអាត្មានិយមរបស់ខ្លួននោះទេ។
ប្រហែលជាដោយសារការខ្វះការពិចារណាល្អិតល្អន់មួយពេលទើបធ្វើឲ្យការសម្រេចចិត្តរបស់អ្នកផ្តល់នូវស្នាកស្នាមដល់មនុស្សម្នាក់ទៀតឬអាចជាស្នាកស្នាមមួយជីវិតដល់ខ្លួនអ្នកផ្ទាល់ក៏ព្រោះតែអ្នកតែងជឿជាក់ថាគេនឹងគ្មានថ្ងៃចាកចេញពីអ្នកទេគេប្រាកដជាចំណាយពេលមួយ ជីវិតគេមកចាំកែតំរូវចំណុចខ្វះខាតរបស់អ្នកគេនឹងនៅតែអភ័យទោសឲ្យអ្នកគ្រប់ពេលក៏ប៉ុន្តែស្របពេលនោះដែរ អ្នកភ្លេចថាទង្វើយើងបានរុញច្រានមនុស្សម្នាក់នោះចេញឆ្ងាយពីជីវិតអ្នក ស្របពេលដែលការចាកចេញនោះបានពាំនាំនូវស្នាមញញឹមអ្នកទៅជាមួយផងដែរ។
សម្រាប់ខ្ញុំវិញ ជឿទេថាខ្ញុំកំរនឹងសោកស្តាយជាមួយនឹងការសម្រេចចិត្តរបស់ខ្លួនឯងណាស់ មិនថាជាការសម្រេចចិត្តឈោងចាប់ក្តីស្រម៉ៃ ឬជាការសម្រេចចិត្តក្នុងរឿងមនោសញ្ចេតនា.... ដែរនិយាយនេះមិនមែនមានន័យថាកន្លះជីវិតដែលខ្ញុំបានឆ្លងកាត់មកនេះមិនធ្លាប់សម្រេចចិត្តខុសនោះទេ តែការដែលមិនសោកស្តាយក៏ព្រោះតែខ្ញុំទទួលខុសត្រូវចំពោះការសម្រេចចិត្ត ជ្រើសរើសផ្លូវទាំងនោះមិនថាលទ្ធផលទៅជាបែបណាក៏ដោយ។ ខ្ញុំក៏ញញឹមទទួលយកវាជំនួស ឲ្យការសោកស្តាយហើយក៏មិនបានទៅបន្ទោសអ្នកឯទៀតដែលមិនបានមកដឹងលឺមានចំណែកជាមួយខ្ញុំដែរ បើទោះជាពេលខ្លះស្នាមញញឹមនោះលាយឡំនឹងទឹកភ្នែកប៉ុន្តែសម្រាប់ខ្ញុំវានៅតែ បង្កប់នូវភាពរីករាយ គឺភាពរីករាយដែលខ្ញុំបានដឹងច្បាស់ថាខ្លួនល្ងង់កម្រិតណា ភាពរីករាយដែលអាចស្វែងយល់ថាខ្លួនអាចរឹងមាំបានកម្រិតណា ហើយក៏រឹតតែរីករាយប្រសិន បើជំហានដែលខ្ញុំបានឈានទៅមុខនោះផ្តល់លទ្ធផលល្អមកវិញ។

មិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលយល់ឃើញដូចខ្ញុំ? គឺសុខចិត្តទទួលយកនូវការឈឺចាប់
ដែលបានមកពីការសម្រេចចិត្តចាប់យកឱកាសនៅចំពោះមុខបើទោះជាលទ្ធផលចុងក្រោយទៅជាយ៉ាងណា ជាជាងមកត្រូវវិចស្ពាយពាក្យថាសោកស្តាយសម្រាប់កន្លះជីវិតចុងក្រោយ? ទទួលស្គាល់ថាការឈឺចាប់វាមានទំហំធំធេងតែការដែលសោកស្តាយវាអាចនឹងធំជាងនេះមួយរយដង។
ក៏ព្រោះតែយើងមិនអាចដឹងថាវិនាទីណាមួយជាសញ្ញាខ័ណ្ឌនៃទំព័រជីវិតចុងក្រោយរបស់យើងនោះទេ ឬពេលវេលាណាមួយជាវិនាទីចុងក្រោយរបស់មនុស្សដែលយើងស្រឡាញ់មិនថាជា ក្រុមគ្រួសារ ឪពុកម្តាយ បងប្អូនមិត្តភ័ក្តនិងជាពិសេសមនុស្សដែលសំខាន់សម្រាប់អ្នក មនុស្សតែម្នាក់ដែលអ្នកយើងចង់ឃើញស្នាមញញឹមរបស់គេរាល់ថ្ងៃនោះ...ដូចនេះសូមបង្ហាញក្តីស្រឡាញ់ ក៏ដូចជាបង្ហាញពីអារម្មណ៍របស់អ្នកចំពោះមនុស្សល្អៗជុំវិញខ្លួនអ្នកនៅពេលដែល អ្នកអាចធ្វើវាបានប្រសើរជាងមកអង្គុយនិយាយជាមួយរូបថតរបស់គេនៅថ្ងៃណាមួយដែលគេ មិនស្ថិតក្នុងជីវិតអ្នកទៀត។
ពាក្យថាសោកស្តាយមិនអាចប៉ះប៉ូវអ្វីគ្រប់យ៉ាងឲ្យល្អប្រសើរដូចដើមនោះទេរឹតតែមិនអាចហៅ មនុស្សម្នាក់នោះឲ្យត្រឡប់មកធ្វើជាមេរំខានក្នុងជីវិតអ្នកបានឡើយ...។
Commenti