ហេតុអ្វីស្រឡាញ់គ្នាមិនបាន?
- By: A Girl Who Cares
- Dec 13, 2017
- 1 min read
តើអ្នកធ្លាប់មានអារម្មណ៍ល្អចំពោះនរណាម្នាក់ទេ? មិនថាទង្វើរ កាយវិការ ពាក្យសំដី ស្នាមញញឹម ឬអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងគេ គឺសុទ្ធតែសំខាន់សម្រាប់អ្នក...
មាននារីម្នាក់ដែលមានជីវិតដ៏សាមញ្ញ.. នាងតែងធ្វើឲ្យមនុស្សគ្រប់គ្នាមានស្នាមញញឹម នាងតែងប្រាប់អ្នកគ្រប់គ្នាឲ្យរឹងមាំឡើងបើទោះបីជានាងខ្លួនឯងផ្ទាល់ធ្វើមិនបានក៏ដោយ.. ប៉ុន្តែ មិនថានាងសើចច្រើនប៉ុណ្ណា នាងបង្ហាញថានាងរីករាយកម្រិតណាក៏នាងមិនដែលគិតថានឹងមាននរណាម្នាក់មកដាក់ចិត្តស្រឡាញ់នាងនោះទេ ក៏ព្រោះនាងតែងគិតថាខ្លួនមិនល្អគ្រប់គ្រាន់ នាងមិនល្អ..។
ប៉ុន្តែ ថ្ងៃមួយអ្វីគ្រប់យ៉ាងប្រែប្រួលនៅពេលដែលមានវត្តមានរបស់បុរសម្នាក់ចូលមកក្នុងជីវិតនាង...
អារម្មណ៍ដែលនាងចូលចិត្តគេស្របពេលដែលនាងដឹងថាគេក៏មានចិត្តមកលើនាង មិនមែនទើបតែពេលនេះតែយូរណាស់មកហើយដែលគេតែងលួចមើលនាងពីចម្ងាយ...ដែលគេចង់ដឹងពីសុខទុក្ខនាងបើទោះជាគេមិនបានប្រាប់នាងឲ្យដឹង ប៉ុន្តែក្រសែភ្នែកដែលគេសម្លឹងមកនាង និងរាល់កាយវិការគឺបានបង្ហាញពីអ្វីគ្រប់យ៉ាង។
ពីមួយថ្ងៃទៅមួយថ្ងៃ នាងក៏បានលង់ស្រឡាញ់គេដោយមិនដឹងខ្លួន ដឹងត្រឹមថាគេជាមនុស្សប្រុសដ៏ល្អម្នាក់ក្នុងក្រសែភ្នែកនាង ហើយអារម្មណ៍ដែលគេបានផ្តល់ឲ្យនាងមិនថាជាអារម្មណ៍សុវត្ថិភាព អារម្មណ៍រីករាយ ជាពិសេសស្នាមញញឹមដែលនាងដឹងថាក្នុងនោះនាងក៏ជាចំណែកមួយនៃភាពរីករាយរបស់គេ....
គ្រប់ពេលដែលគេនៅក្បែរនាង... នាងអាចធ្វើជាខ្លួននាងផ្ទាល់ ធ្វើជាកូនក្មេងដែលមិនចេះធំ ធ្វើជាអ្វីដែលនាងត្រូវការដោយមិនបាច់ព្យាយាមកែប្រែខ្លួនឯងជាមនុស្សម្នាក់ផ្សេងក៏ព្រោះតែគេទទួលយកនូវអ្វីគ្រប់យ៉ាងដែលនាងមានមិនថាជាចំណុចវិជ្ជមាន និងអវិជ្ជមានហើយនាងក៏ទទួលយកគ្រប់យ៉ាងដែលជាចំណុចល្អ និងចំណុចខ្វះខាតដែលគេមាន។
.......មានចំណុចវិជ្ជមានជាច្រើន ភាពចុះសម្រុងគ្នាជាច្រើន ជាពិសេសគឺការយោគយល់ពីគ្នាជាច្រើនដែលនាងនិងគេតែងបង្កើតឡើងរួមគ្នាបើទោះជាត្រឹមការលួចសង្កេតមើលពីគ្នាទៅវិញទៅមកក៏ដោយ។
ប៉ុន្តែ សុខៗអ្វីគ្រប់យ៉ាងក៏ផ្លាស់ប្តូរប្រៀបដូចជាសុបិន្តមួយដ៏អាក្រក់ដែលនាងតែងរំពឹងថាពេលនាងអាចភ្ញាក់ដឹងខ្លួនឡើងហើយអ្វីៗនឹងល្អប្រសើរឡើងវិញ... គឺនាងនិងគេមិនមែនស្ថិតក្នុងស្ថានភាពបែបនេះទេ។ នៅសុខៗក៏ស្រាប់តែមានហេតុផលមួយចំនួនដែលបង្អាក់ដំណើរ បង្អាក់ភាពក្លាហានរបស់គេឲ្យប្រែទៅជាសោះកក្រោះ ឲ្យប្រែទៅជាមនុស្សម្នាក់ដែលលែងអើពើនឹងសុខទុក្ខនាង... ដឹងទេ? ថានៅសុខៗទឹកភ្នែកនាងក៏ស្រក់ចុះមកដោយមិនដឹងខ្លួន.... នាងយល់គ្រប់យ៉ាងពីគេបើទោះបីជាគេមិនបង្ហាញឲ្យនាងដឹងដោយផ្ទាល់ក៏ដោយ... នាងយល់ នាងដឹងគ្រប់យ៉ាងហើយក៏ព្រោះតែការយល់គ្រប់យ៉ាងនេះហើយទើបនាងមិនត្រឹមតែមិនខឹងនឹងគេទេ តែនាងតែងសង្ឃឹមថាអ្វីគ្រប់យ៉ាងនឹងប្រែជាល្អប្រសើរបន្ទាប់ពីព្យុះនេះបក់បោកផុតទៅ លើសពីនេះនាងសង្ឃឹមថានាងអាចធ្វើជានារីម្នាក់ដែលឈរនៅទីនេះ...ដែលឈរនៅក្បែរគេនៅពេលដែលគេមានអារម្មណ៍ថាគេខ្លួនកំពុងប្រឈមនឹងបញ្ហាជាច្រើន នៅពេលដែលគេមានអារម្មណ៍ថាគេឯកា នៅពេលដែលគេត្រូវការដៃមួយគូដែលនឹងព្រមកាន់ដៃគេជាប់មិនលែង....នាងចង់ឲ្យគេដឹងថាគេមិនមែនពុះពារជាមួយអ្វីគ្រប់យ៉ាងម្នាក់ឯងនោះទេ គឺគេមាននាង មនុស្សស្រីម្នាក់នេះដែលនឹងព្រមកាន់ដៃគេដើរទៅមុខជាមួយគ្នា ប្រឈមនូវរាល់ឧបសគ្គរួមគ្នាមិនថាពេលវេលារីករាយ ឬកើតទុក្ខនោះទេ..គឺនាងនឹងនៅចាំផ្តល់កម្លាំងចិត្តដល់គេគ្រប់ពេល។
ការពិតទៅអ្វីគ្រប់យ៉ាងមិនមែនសុទ្ធតែដូចអ្វីដែលគេខ្លាចនោះទេ អ្វីគ្រប់យ៉ាងមិនមែនសុទ្ធតែដូចអ្វីដែលគេគិតទុក ឬស្មានទុកតែម្នាក់ឯងនោះទេ ក៏ព្រោះនាងដឹងខ្លួនច្បាស់ថានាងជានរណា....នាងដឹងថានាងត្រឹមជាមនុស្សស្រីសាមញ្ញម្នាក់ដែលត្រូវការជីវភាពរស់នៅមួយដ៏សាមញ្ញជាមួយមនុស្សដែលនាងស្រឡាញ់ ហើយម្នាក់នោះគឺជាគេ គឺនាងត្រឹមចង់ឲ្យគេដឹងថាសម្រាប់នាង គេគឺជាមនុស្សម្នាក់ដែលល្អបំផុតហើយមិនថាអត្តចរឹក រូបសម្បត្តិ ចិត្តគំនិត ឬការសិក្សានោះទេ.... បើទោះបីជាគេគិតថាខ្លួនគេកំពុងមានចំណុចខ្វះខាតជាច្រើនក៏ដោយ។ នាងជឿជាក់ថានាងនិងគេពិតជាអាចបំពេញចំណុចខ្វះខាតទាំងនោះជាមួយគ្នាបាន គឺពិតជាអាចដើររួមគ្នាលើផ្លូវដ៏វែងឆ្ងាយនេះ ដើម្បីចែករំលែកភាពរីករាយ និងទុក្ខលំបាកជាមួយគ្នា... អាចធ្វើជាកម្លាំងចិត្តសម្រាប់គ្នាទៅវិញទៅមកមិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ។
ថ្ងៃក្រោយអ្វីៗគ្រប់យ៉ាងនឹងទៅជាយ៉ាងណា លទ្ធផលទៅជាយ៉ាងណាគឺគ្មាននរណាម្នាក់អាចដឹងមុននោះទេ ប៉ុន្តែពេលនេះវិនាទីនេះគឺនាងនិងគេដឹងច្បាស់ថាអ្នកទាំងពីរសុទ្ធតែមានចិត្តលើគ្នាទៅវិញទៅមក អ្នកទាំងពីរគឺអាចដើរលើផ្លូវមួយនេះរួមគ្នាបាន...ក៏ប៉ុន្តែហេតុអ្វីអ្នកទាំងពីរមិនអាចស្រឡាញ់គ្នាបាន? ហេតុអ្វីបណ្តោយឲ្យឱកាសនេះកន្លងផុតទៅទាំងដែលម្នាក់ៗឈឺចាប់ខ្លាំងរបៀបនេះ? តើអនាគតដែលមិនទាន់កើតឡើងពិតជាសំខាន់ជាងបច្ចុប្បន្នដែលអ្នកទាំងពីរកំពុងឈរនៅលើខ្សែបន្ទាត់មួយរួមគ្នាយ៉ាងនេះឬ? ហេតុអ្វីមិនជ្រើសរើសផ្លូវវិជ្ជមានដែលអ្នកទាំងពីរអាចមានឱកាសក្នុងការបំពេញនូវភាពខ្វះខាតឲ្យគ្នាទៅវិញទៅមក? ហេតុអ្វីមិនជឿជាក់លើការស្រឡាញ់មួយនេះ? ចុះបើនាងនិងគេចាប់ដៃគ្នាដើរលើផ្លូវនេះហើយអ្វីគ្រប់យ៉ាងប្រសើរឡើងក៏ព្រោះតែអ្នកទាំងពីរផ្តល់នូវអារម្មណ៍នៃការស្រឡាញ់ ភាពជឿជាក់ ភាពកក់ក្តៅ សុភមង្គល និងអារម្មណ៍សុវត្ថិភាពដល់គ្នាដែលមាសប្រាក់មិនអាចទិញបាន? តើវាមិនល្អទេមែនទេ?? អាចទេ កុំបំផ្លាញការស្រឡាញ់មួយនេះដោយព្យាយាមសំដែងធ្វើជាមនុស្សឃោឃៅ ក៏ព្រោះនេះមិនមែនជាអ្វីដែលនាងត្រូវការនោះទេ អ្វីដែលនាងត្រូវការគឺវត្តមានគេមិនមែនកាលដែលគេមកប្រាប់ឲ្យនាងរឹងមាំឡើងនោះទេ....។ អាចទេ ប្រសិនបើយកហេតុផលទាំងនោះដែលគិតថាជាឧបសគ្គមកធ្វើជាការសាកល្បងរវាងអ្នកទាំងពីរថាអាចពុះពារជាមួយគ្នាបានកម្រិតណា? អាចទេសម្រេចចិត្តម្តងទៀតជាមួយនឹងក្តីស្រឡាញ់តែមិនមែនជាការព្យាយាមរុញច្រាននាងចេញពីជីវិត? មិនមែនអ្វីគ្រប់យ៉ាងសុទ្ធតែអាក្រក់ដូចដែលគិតនោះទេ... អាចទេគិតពីបច្ចុប្បន្នដែលអ្នកទាំងពីរកំពុងប្រឈមជាមួយគ្នាជាជាងអ្វីដែលអ្នកមិនទាន់ដឹងថានឹងអាចកើតឡើងនូវថ្ងៃស្អែក? អាចទេឲ្យនាងចូលក្នុងជីវិតអ្នកដើម្បីបំពេញនូវចំណុចខ្វះខាតគ្នាទៅវិញទៅមក? អាចទេត្រឡប់មកធ្វើជាមនុស្សឡប់ៗដែលតែងសើចសប្បាយជាមួយគ្នាដូចដើម? អាចទេ?
Comentarios